Thursday, July 5, 2018

ការលំបាកក្នុងការសរសេរអត្ថបទបច្ចេកវិទ្យាជាខេមរៈភាសារ


ការសរសេរ ការបកប្រែពត៌មាន ឬអត្ថបទផ្សេងៗដែលទាក់ទងនឹងបច្ចេកវិទ្យា និងវិទ្យាសាស្រ្តមកជាភាសារខ្មែរពិតជាមានការលំបាកខ្លាំងណាស់ ព្រោះមានពាក្យបច្ចេកទេសជាច្រើនដែលមិនត្រូវបានបកប្រែមកជាខេមរៈភាសារយើងនៅឡើយ។ ដោយឡែក ឈ្មោះរបស់ឧបករណ៍ប្រើប្រាស់វិញត្រូវបានបកប្រែបានចើ្រនគួរសមកាលពីបច្ចេកវិទ្យាមិនទាន់ជឿនលឿនខ្លាំង ដូចជាពាក្យថា ទូរទស្សន៍ ទូរស័ព្ទ វិទ្យុ ក្ដារចុច ឧបករណ៍បំពងសំលេង អង្គគណនា និងអង្គចងចាំជាដើម។ ប៉ុន្តែឈ្មោះឧបករណ៍ខ្លះក៏មិនត្រូវបានបកប្រែទេ តែត្រូវបានខ្ចីយកមកប្រើតែម្ដងដូចជាពាក្យថា ម៉ាស៊ីន ស៊ីឌី កុំព្យូទ័រ និងអ៊ីសេជាដើម។ ពាក្យខ្លះវិញក៏ត្រូវបានបកប្រែផងនិងត្រូវបានខ្ចីយកមកប្រើផងដូចជាពាក្យថា កាមេរ៉ា និង ម៉ាស៊ីនថតរូប។ ឈ្មោះឧបករណ៍ខ្លះក៏មិនទាន់ត្រូវបានបកប្រែជាភាសារខ្មែរនៅឡើយទេ ដូចជាពាក្យថា monitor, mouse, GPU, RAM, router, switch, modem និង access point ជាដើម។

ពាក្យដែលត្រូវបានរៀបរាប់ពីខាងលើនេះគឺសុទ្ធតែជាឈ្មោះរបស់ឧបករណ៍តែប៉ុណ្ណោះ។ បើយើងងាកមកមើលពាក្យបច្ចេកទេសនៅក្នុងបរិបទបច្ចេកវិទ្យាវិញ គឺវាសឹងតែគ្រប់ពាក្យទៅហើយដែលមិនត្រូវបានបកប្រែជាភាសារខ្មែរយើងដូចជាពាក្យថា resolution, refresh rate, frame rate, aperture, pixel, cursor, stream, cast, overclock, subscribe, notification, bandwidth, backup, specification, interface, protocol ជាដើម។

សំរាប់ពាក្យជាភាសារអង់គ្លេសដែលបានរៀបរាប់ខាងលើនេះ ខ្ញុំជឿថាមានពាក្យខ្លះប្រហែលជាត្រូវបានបកប្រែ ឬខ្ចីយកមកប្រើរួចហើយ គ្រាន់តែខ្ញុំមិនបានដឹងដោយហេតុថាចំនេះដឹងផ្នែកខេមរៈភាសាររបស់ខ្ញុំនៅមានកំរិតនៅឡើយ។ ត្រង់ចំនុចនេះ ខ្ញុំក៏ធ្វើការសុំទោសទុកជាមុនព្រោះថាខ្ញុំមិនមែនជាអ្នកជំនាញខាងអក្សរសាស្រ្តខ្មែរទេ។ ខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលចូលចិត្តផ្នែកវិទ្យាសាស្រ្ដនិងបច្ចេកវិទ្យាតែប៉ុណ្ណោះ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនឹងខិតខំប្រឹងប្រែងអោយអស់ពីសមត្ថភាពក្នុងការប្រើប្រាស់ពាក្យពេជន៍អោយបានត្រឹមត្រូវបំផុតតាមតែអាចធ្វើទៅបាន៕

No comments:

Post a Comment